ភ្នំពេញ ៖ ស្ត្រីម្នាក់ជាបុគ្គលិកបម្រើការងារ នៅធនាគារ Maybank ត្រូវជនសង្ស័យ ២នាក់ ដកកាំភ្លើងភ្ជង់ និង ប្លន់យករថយន្ត បើកគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅមុខផ្ទះលេខ 5B ផ្លូវ ៦៨ ក្រុម២០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។
ករណីប្លន់រថយន្តម៉ាក កាមរី ពណ៌ស្ករ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2Q-5941 ដែលកម្រកើតមាន ឡើង នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនោះ បានកើតឡើងដោយជនសង្ស័យមានគ្នា ២នាក់ ជិះ ម៉ូតូមួយគ្រឿង ម៉ាក PTX និងប្រដាប់ដោយអាវុធខ្លីមួយដើម មិនស្គាល់ម៉ាក ។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ខណៈស្ត្រីរងគ្រោះ អ៊ុង ពុទ្ធិកា អាយុ ២៣ឆ្នាំ បើករថយន្តមកដល់មុខផ្ទះ ដើម្បីរង់ចាំឲ្យសាច់ញាតិនៅខាងក្នុងផ្ទះបើកទ្វារឲ្យនោះ ស្រាប់តែលេចមុខជនសង្ស័យទាំងពីរនាក់ ដកកាំភ្លើង ភ្ជង់ រួចហើយបើករថយន្តគេចខ្លួន ដោយសុវត្ថិភាព ។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះ និងសាច់ញាតិបានមកដាក់ពាក្យបណ្តឹងនៅកន្លែងសមត្ថកិច្ច ។ យ៉ាងណាក៏ ដោយចំពោះករណី ដែលកម្រកើតមានឡើងខាងលើនេះ នគរបាលជំនាញបាននឹងកំពុងធ្វើការស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់ ថាតើពិតជាមានរឿងនេះកើតឡើង ឬមួយយ៉ាងណានោះ ៕