ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
-សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភ ១ ម៉ឺនដុល្លារ និង ១ឆ្នាំ ១៥០០ដុល្លារ បន្ថែម លើប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ២ម៉ឺន ដុល្លារ
ភ្នំពេញ ៖ កញ្ញា ស៊ន សៀវម៉ី ជាកីឡា ការិនីផ្នែកតៃខ្វាន់ដូ ដែលដណ្ដើមបានជោគជ័យមេដាយមាស ពី ប្រទេសកូរ៉េ នៅក្នុងការប្រកួតកីឡាអាស៊ី បានធ្វើដំណើរមកដល់ មាតុភូមិវិញ្ញាហើយ កាលពីវេលាម៉ោង ជិត ១១ យប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤ កន្លងទៅនេះ ក្រោមវត្ដមានថ្នាក់ដឹកនាំ និងមហាជនទៅ ទទួលស្វាគមន៍អបអរភ្លូកទឹក ភ្លូកដី ។ ក្នុងនោះប្រមុខរាជរដ្ឋាភិបាលបាន ផ្ដល់កិត្ដិយសដោយឱ្យរដ្ឋមន្ដ្រី ចំនួន ២រូបទៅ ទទួលស្វាគមន៍រូបនាងដល់ព្រលានយន្ដហោះ និងធ្វើពិធីដង្ហែ ដោយមានម៉ូតូស៊ីរ៉ែនចំនួន ៦ គ្រឿងអមផងដែរ ដើម្បីធ្វើដំណើរចូលមក ជួបសម្ដែងការគួរសមជាមួយនឹងសម្ដេចរួម ទាំងថ្នាក់ដឹក នាំ នៃរាជរដ្ឋាភិបាលជាច្រើនរូប ទៀត ដែលចាំទទួល និងស្វាគមន៍រូបនាង នៅវិមានសន្ដិភាព ។
នៅក្នុងពិធីសំណេះសំណាល និងស្វាគមន៍ ដោយមានគណៈប្រតិភូ កីឡាករ កីឡាការិនី រួមទាំង សាធារណជន ហែហមយ៉ាងអធិក អធមផងនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្ដល់ការ ឧបត្ថម្ភជាប្រាក់រង្វាន់ ដល់រូបនាងចំនួន១ម៉ឺនដុល្លារ បន្ថែមពីលើ ប្រាក់ដែលរាជរដ្ឋាភិបាលបានកំណត់ ផ្ដល់ជូនដល់កីឡាករកីឡាការិនីរូបណា ដែលដណ្ដើម មេដាយជូនជាតិសម្រាប់មេដាយមាសចំនួន ២ ម៉ឺនដុល្លារផងដែរ ។ ក្រៅពីប្រាក់ឧបត្ថម្ភ ១ម៉ឺនដុល្លារនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានធ្វើការឧបត្ថម្ភ ប្រចាំឆ្នាំដល់រូបនាងចំនួន ១៥០០ដុល្លារ ក្នុង១ឆ្នាំផងដែរ រួមទាំងផ្ដល់ រង្វាន់ម៉ូតូហុងដា ស្កុបពីចំនួន ១ គ្រឿង កុំព្យូទ័រ អេបផល ចំនួន១គ្រឿង អាយផេតចំនួន ១គ្រឿង ផ្ដល់អាហារូបករណ៍ដល់រូបនាង អាច ជ្រើសរើសនៅសកលវិទ្យាល័យណា មួយដែលនាងពេញចិត្ដនឹងចូលរៀន រួមទាំង ប្រកាសទទួលស្គាល់ ឱ្យនាងជាប់សញ្ញាបត្រ បាក់ឌុបជាស្ថាពរ ខណៈដែលនាងប្រឡង នៅលើកទី១ធ្លាក់ ។ ក្រៅពីនេះ សម្ដេចក៏បាន ផ្ដល់ប្រាក់ឧបត្ថម្ភដល់ម្ដាយរបស់នាងចំនួន ៥ លានរៀលបន្ថែមទៀត ។
ដោយឡែកនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤ មានក្រុមហ៊ុន មន្ដ្រី និងសប្បុរស ជនមួយចំនួនទៀត ក៏បានប្រកាសផ្ដល់ប្រាក់ ឧបត្ថម្ភដល់រូបនាងបន្ថែមទៀតផងដែរ ដែលរួមមានក្រុមហ៊ុនស្រាបៀរអង្គរ ចំនួន ១ម៉ឺនដុល្លារ ពេទ្យធ្មេញម៉ាស្ទ័រឃែរ ចំនួន ៥ពាន់ដុល្លារ ឧកញ៉ា លីម ប៊ុនណ្ណា ចំនួន ៥ពាន់ដុល្លារ លោក អៀង វុធ អភិបាលរង ខេត្ដប៉ៃលិនចំនួន ១ម៉ឺនបាត និងប្រធានក្លឹប បាល់ទាត់ខេត្ដស្វាយរៀង បានឧបត្ថម្ភទូរ ស័ព្ទអាយហ្វូន៦ចំនួន១គ្រឿង ហើយក៏មាន ក្រុមហ៊ុនផ្សេងៗទៀត នឹងត្រៀមធ្វើការផ្ដល់ ប្រាក់រង្វាន់ដល់រូបនាងជាបន្ដបន្ទាប់ផងដែរ ដូចជាក្រុមហ៊ុនណាហ្គាវើលជាដើម ។
ថ្លែងនៅក្នុងសន្និសីទកាសែត នៅទីស្នាក់ ការ គណៈកម្មការជាតិអូឡាំពិកកម្ពុជា កញ្ញា ស៊ន សៀវម៉ី ក៏បានប្រកាសកាត់យក ថវិកាពីប្រាក់ដែលថ្នាក់ដឹកនាំ និងសប្បុរស ជនធ្វើការឧបត្ថម្ភដល់រូបនាងដោយ ក្នុងនោះ ២០ភាគរយ នាងប្រគល់ទៅឱ្យមន្ទីរពេទ្យ គន្ធបុបា្ជ និង២០ភាគរយទៀត ផ្ដល់ទៅឱ្យ កាកបាទ ក្រហមកម្ពុជា ដើម្បីធ្វើការជួយសង្គ្រោះកុមារ និងប្រជាពលរដ្ឋក្រីក្រ ។
សូមបញ្ជាក់ថា ការទទួលបានមេដាយមាស ពីការប្រកួតកីឡាអាស៊ីលើផ្នែកតៃ ខ្វាន់ដូ ដែលមានបណ្ដា ប្រទេសនៅក្នុងទ្វីប អាស៊ីចំនួន ៤៥ចូលរួម របស់កញ្ញា ស៊ន សៀវម៉ី គឺជាលើកទី១ហើយ សម្រាប់ ប្រទេសកម្ពុជា ដែលទទួលបានមេដាយមាសនេះបើ គិតចាប់តាំងពីកីឡានេះ បានចាប់ផ្ដើមកកើត ឡើង តាំងពីឆ្នាំ ១៩៥១ រហូតមក និង ប្រទេសកម្ពុជាធ្លាប់បានចូលរួមនៅឆ្នាំ ១៩៥៤ ។
ជាការកត់សម្គាល់ មុននឹងកញ្ញា ស៊ន សៀវម៉ី ទទួលបានមេដាយមាសពីកីឡាអាស៊ី ដែលប្រារឰធ្វើឡើង នៅប្រទេសកូរ៉េខាង ត្បូងនេះ ដោយកញ្ញាបានប្រកួតចំនួន ៤វគ្គ ដោយវគ្គទី១ គូប្រកួតរបស់នាងបាន បោះបង់ ចោលការប្រកួត (មិនមានគូប្រកួត) ធ្វើឱ្យ រូបនាងឈ្នះការ ប្រកួតដោយស្វ័យប្រវត្ដិ ហើយវគ្គ ទី២ នាងជួបប្រកួតជាមួយប្រទេស អ៊ូបេហ្គីស្ថានដោយ នាងឈ្នះពិន្ទុ ២៩ទល់នឹង ៧ លុះនៅវគ្គទី៣ នាងជួបប្រកួតជាមួយ កីឡាករមកពីប្រទេសហ្វីលីពីន ដោយលទ្ធ ផលនាងឈ្នះពិន្ទុ ៦ទល់ នឹង៥ និង វគ្គទី៤ ដែលជាវគ្គផ្ដាច់ព្រ័ត្រ នាងជួបប្រកួតជាមួយ កីឡាការិនីមកពីប្រទេសអ៊ីរ៉ង់ ដោយលទ្ធ ផលពិន្ទុ ៧ទល់នឹង ៤ធ្វើឱ្យរូបនាងទទួលបាន មេដាយមាស ។
ប្រវត្ដិរូបសង្ខេបកញ្ញា ស៊ន សៀវម៉ី
កញ្ញា ស៊ន សៀវម៉ី កើតនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ១៩៩៥ នៅស្រុកដងទង់ ខេត្ដកោះកុង ទីលំនៅ បច្ចុប្បន្នផ្ទះលេខ ៣៣៧ ផ្លូវជាតិលេខ៥ ភូមិមិត្ដភាព សង្កាត់ឫស្សី កែវ ខណ្ឌឫស្សីកែវ ។
ការសិក្សា ៖
-២០០១-២០០៦ ៖ បឋមសិក្សាឫស្សី កែវ
-២០០៧-២០១០ ៖ មធ្យមសិក្សាឫស្សី កែវ
-២០១០-២០១៤ ៖ វិទ្យាល័យឫស្សី កែវ
កញ្ញា ស៊ន សៀវម៉ី ជាសិស្សថ្នាក់ទី ១២ D2 នៃវិទ្យាល័យឫស្សីកែវ និងជាកីឡា ការិនីជម្រើសជាតិតៃខ្វាន់ដូ ចាប់ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ ២០១៤ ។
ក្នុងឱកាសប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ ២០១៤ នេះ កញ្ញា ស៊ន សៀវម៉ី មិន មានឱកាសប្រឡងជាប់សញ្ញាបត្រទុតិយភូមិ លើកទី១ទេ ។
ស្ថានភាពគ្រួសារ ៖
-ឪពុកឈ្មោះ ស៊ន ម៉េងហៀង មុខរបរ (ស្លាប់)
ម្ដាយឈ្មោះ សួន ចាន់ធី មុខរបរ (មេ ផ្ទះ) មានបងប្អូន ៦នាក់ ប្រុស ៣នាក់ ស្រី ៣នាក់ កញ្ញា ស៊ន សៀវម៉ី ជាកូនស្រីពៅ ក្នុងគ្រួសារ មានបងប្អូនលេងកីឡាតៃខ្វាន់ដូ ចំនួន ៣នាក់ គឺ លោក ស៊ន អេលីត បង ប្រុស ជាកូនទី៤ កញ្ញា ស៊ន ដាវីន បងស្រី ជាកូនទី៥ (ជាគ្រូផ្នែកអប់រំកាយ និងកីឡា ផងដែរ) កញ្ញា ស៊ន សៀវម៉ី ប្អូនស្រីពៅ
ស្ថានភាពការហ្វឹកហាត់
-ឆ្នាំ ២០១០ ៖ ទទួលបានការជ្រើសរើស ចូលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ។
-ឆ្នាំ២០១១ ៖ ទទួលបានមេដាយសំរឹទ្ធ ១ ការប្រកួតកីឡាស៊ីហ្គេមលើកទី ២៦ នៅ ប្រទេសឥណ្ឌូនេស៊ី ។
-ទទួលបានមេដាយសំរឹទ្ធ ១ ការប្រកួត ជ្រើសរើសជើងឯកតៃខ្វាន់ដូអាស៊ីអាគ្នេយ៍ លើកទី១០ នៅព្រះរាជាណាចក្រកម្ពុជា ។
-ឆ្នាំ ២០១២ ៖ ទទួលបានមេដាយសំរឹទ្ធ ១ ការប្រកួតជ្រើសរើសជើងឯកតៃខ្វាន់ដូ យុវជនអាស៊ីអាគ្នេយ៍លើកទី១១ នៅប្រទេស វៀតណាម ។
-ទទួលបានមេដាយសំរឹទ្ធ ១ ការប្រកួត ជ្រើសរើសជើងឯកកីឡាតៃខ្វាន់ដូយុវជន អាស៊ីនៅឡាវ (ASEAN University Games) ។
-ឆ្នាំ២០១៣ ៖ ទទួលបានមេដាយមាស ១ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី ២៧ នៅប្រទេសមីយ៉ាន់ ម៉ា ។
-ឆ្នាំ ២០១៤ ៖ ទទួលបានមេដាយមាស ១ ការប្រកួតកីឡាអាស៊ីហ្គេម លើកទី ១៧ នៅទីក្រុង Incheon នៃសាធារណរដ្ឋកូរ៉េ ។
លទ្ធផលនៃការប្រកួតជាផ្លូវការគឺ ៖
កីឡាការិនី ស៊ន សៀវម៉ី Vs អ៊ុយប៊េហ្គី ស្ថាន លទ្ធផលឈ្នះ ២៩ = ០៧
កីឡាការិនី ស៊ន សៀវម៉ី Vs ហ្វីលីពីន លទ្ធផលឈ្នះ ០៦ = ០៥