អាមេរិក ៖ វាពិតជារឿងមួយ គួរឲ្យភ្ញាក់ផ្អើលបំផុត ដែលកូនក្រមុំម្នាក់ មានជំងឺស្លាប់ពាក់កណ្តាលខ្លួន ទៅហើយ អាចដើរបាន នៅក្នុងថ្ងៃរៀបការ។
កូនក្រមុំ វ័យ ២៧ ឆ្នាំរូបនេះ មានឈ្មោះ Gina Giaffoglione, ជាអតីតអ្នកហាត់កីឡា ប៉ុន្តែជាអកុសលនាង បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពី ៦ឆ្នាំមុន ដែលធ្វើឲ្យនាង ត្រូវពិការពាក់កណ្តាលខ្លួន ពីត្រឹមចង្កេះចុះក្រោម។ យ៉ាងណាមិញ ទោះបីជានាង មិនអាចដើររួចក៏ដោយ ក៏នាង នៅតែប្តេជ្ញាចិត្តថា នឹងកាន់ដៃឪពុកដើរ ក្នុងថ្ងៃរៀបការ ឲ្យទាល់តែបាន។ ដោយសារតែចង់ កាន់ដៃឪពុកដើរក្នុងថ្ងៃរៀបការ Gina បានពាក់ខ្សែ ក្រវាត់ជុំវិញខ្លួន រយៈពេលមួយឆ្នាំកន្លះ និង បានហាត់ប្រាណ ដើម្បីព្យាបាល រាងកាយរបស់នាង ជារៀងរាល់ថ្ងៃ។
ឪពុករបស់នាងបាន និយាយដោយក្តុកក្តូល ក្នុងអារម្មណ៍ថា៖ «វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ដែលនាងមកប្រាប់ខ្ញុំថា នាងចង់កាន់ដៃ របស់ខ្ញុំដើរ ក្នុងថ្ងៃរៀបការ ប៉ុន្តែទោះបីជាខ្ញុំ ត្រូវរុញរទេះ ដែលនាងអង្គុយ ឫក៏ កាន់ដៃនាងដើរ ទៅជួបកូនកំលោះ ក៏វាគ្មានបញ្ហាអ្វីដែរ។ ពិតណាស់ ឪពុកគ្រប់រូប សុទ្ធតែចង់កាន់ដៃ និង បណ្តើរកូនស្រី នៅក្នុងថ្ងៃរៀបការ ហើយនាង ក៏យល់ច្បាស់ពីបញ្ហានេះដែរ ជាហេតុធ្វើឲ្យនាង ខំហាត់ប្រាណ ព្យាបាល រាងកាយរបស់នាង ទោះបីជាមានភាព នឿយហត់ យ៉ាងណាក៏ដោយ ដើម្បីសំរេចបំណងប្រាថ្នា មួយនេះ»។
ចំនែកឯកូនក្រមុំរូបនេះ បានឲ្យដឹងថា ទោះបីជានាង ពិការពាក់កណ្តាលខ្លួន ក៏ដោយ ក៏គូដណ្តឹង របស់នាង ស្រលាញ់និង យកចិត្តទុកដាក់ ចំពោះនាង ជានិច្ច ដោយមិនខ្វល់ ថានាងដើររួច ឫ មិនរួចឡើយ សំខាន់គឺនាងនិង គូដណ្តឹង អាចរួមរស់ជាមួយគ្នា អស់មួយជីវិត។ នាងបាន បន្តទៀតថា នាងអាចដើរបាន ក្នុងថ្ងៃរៀបការនេះ គឺមិនមែន ដោយសារតែ កម្លាំងរាងកាយ ដែលនាងមាន តែប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែល សំខាន់បំផុត គឺកំលាំងចិត្ត ដែលនាងផ្តល់ឲ្យខ្លួនឯង ព្រមទាំង ឪពុក និងគូដណ្តឹង ដែលនៅក្បែរនាង ជារៀងរហូតមក។
យ៉ាងណាមិញ នៅក្នុងថ្ងៃរៀបការ កូនក្រមុំម្នាក់នេះ អាចដើរកាន់ដៃឪពុក ក្នុងថ្ងៃរៀបការ បានធ្វើឲ្យភ្ញៀវ ដែលចូលរួមទាំងអស់ មានការភ្ញាក់ផ្អើល ជាខ្លាំង ពីព្រោះពួកគេ បានដឹងថា Gina មិនអាចកំរើកខ្លួន ផ្នែកខាងក្រោមបានឡើយ៕
ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូទាំងអស់គ្នា ៖