ពិធីហាត់សម ត្រូវបានរៀបចំធ្វើឡើង កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ នៅក្នុងបរិវេណប៉ុស្តិ៍កាកាប ខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួម ពីលោកអធិការរងទទួល ផែនចំនួន៣រូបផងដែរ ។
ក្បួនលំហាត់សមនេះ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានចូលរួមផ្ទាល់ ដោយលោកបានបញ្ចេញ នៅក្បាច់យុទ្ធសាស្រ្តមួយចំនួន ដើម្បីបង្ហាញដល់កងកម្លាំងក្រោមឱវាទ ក្នុងការយកប្រៀបលើបាតុករដែលមានអាវុធ ។
លោក យឹម សារ៉ាន់ បានឲ្យដឹងថា ការហ្វឹកហាត់នាពេលនេះ គឺមិនមែនត្រៀមដើម្បីទប់ទល់ ជាមួយកូដករដោយអហិង្សានោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺត្រៀមដើម្បីទប់ទល់ ជាមួយជនខិលខូលឆ្លៀតឱកាស បន្លំខ្លួនចូលក្នុងក្រុមបាតុករ ដោយប្រើហិង្សាដំបង ឬក៏មានអាវុធនោះ មកប្រឈមមុខ ជាមួយនឹងកងកម្លាំង របស់យើងតែប៉ុណ្ណោះ ។ ប៉ុន្តែចំពោះកូដករ ដែលធ្វើកូដកម្ម ដោយអហិង្សានោះ និងស្របច្បាប់ យើងមិនអាចប្រើកម្លាំង ទប់ទល់បែបនេះបានទេ គឺយើងត្រូវជំរុញឲ្យមាន ដំណោះស្រាយគ្នា ដោយសន្តិវិធី និងជួយរក្សាសន្តិសុខ ជូនពួកគាត់ផងដែរ។
លោកបានបន្តថា ការហ្វឹកហាត់នេះ គឺដើម្បីឲ្យកម្លាំងបានយល់ដឹង អំពីយុទ្ធវិធីមួយចំនួន ក៏ការពារខ្លួនពេលដែលចុះបំពេញ ភារកិច្ចមួយផ្សេងៗ ដោយជននោះមានអាវុធ មកទប់ទល់ជាមួយនិងសមត្ថកិច្ច ហើយម្យ៉ាងវិញទៀត ការហ្វឹកហាត់នេះ ក៏ដើម្បី ក្រើនរំលឹកដល់កងកម្លាំង កុំឲ្យភ្លេចនូវក្បួនយុទ្ធសាស្រ្ត របស់ខ្លួន ដែលបានហ្វឹកហាត់នាពេលកន្លងមក ហើយការហ្វឹកហាត់ នេះ គឺត្រូវធ្វើជាបន្តបន្ទាប់រៀងរាល់សប្តាហ៍ផងដែរ៕