អ្នកភូមិឡពាងប្រមាណ ៣០នាក់ នាំគ្នារែកចានឆ្នាំង មុងភួយ ធ្វើដំណើរដោយថ្មើរជើងមកទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៤។
RFA/Chin Chetha
ពលរដ្ឋដែលមានបញ្ហាដីធ្លីមកពីខេត្តបន្ទាយមានជ័យ ដែលបានស្នាក់នៅបណ្ដោះអាសន្ននៅរាជធានីភ្នំពេញ ត្រូវបានរថយន្តរបស់រដ្ឋសភាមកដឹកទាំងព្រឹកថ្ងៃទី៧ ខែតុលា នេះ ចេញពីវត្តស្ទឹងមានជ័យ ឆ្ពោះទៅខេត្តបន្ទាយមានជ័យវិញ។ ចំណែកពលរដ្ឋមកពីខេត្តកំពង់ឆ្នាំង គឺអ្នកភូមិឡពាង ក៏បានចេញពីភ្នំពេញដែរ ដោយមធ្យោបាយផ្ទាល់ខ្លួន ដើម្បីចូលរួមវេទិការសាធារណៈមួយនៅខេត្តកំពង់ឆ្នាំង។
លោក រាជ សីមា តំណាងអ្នកភូមិឡពាង បានប្រាប់ឲ្យដឹងថា អ្នកភូមិឡពាង នឹងចូលរួមវេទិកាថ្នាក់ខេត្តមួយនៅថ្ងៃទី៨ តុលា ដែលមានការចូលរួមពីអាជ្ញាធរខេត្ត ប្រជាពលរដ្ឋ ក្រោមការតាមដានពីសង្គមស៊ីវិល។
លោក រាជ សីមា បាននិយាយទៀតថា ប្រជាពលរដ្ឋនឹងលើកឡើងពីបញ្ហាដីធ្លីរបស់ខ្លួនទៅកាន់វេទិកានោះ៖ «ទៅច្រើន ដោយខ្លះទៅមុន នៅតែជាងដប់ម្ភៃនាក់ល្ងាចនេះចេញដំណើរទៀត។ ខ្ញុំរំពឹងថា ពេលខ្ញុំសម្ដែងមតិទៅមានមហាជនគេចាប់អារម្មណ៍ច្រើន គេដឹងឮ គេឈឺឆ្អាលនូវរឿងរបស់អ្នកភូមិឡពាង»។
ចំណែកអភិបាលរងខេត្តបន្ទាយមានជ័យ លោក អ៊ឹម ភាន់សុផល បានថ្លែងថា នៅថ្ងៃទី៨ តុលា លោកអភិបាលខេត្តបន្ទាយមានជ័យ នឹងចូលរួមដោះស្រាយដោយផ្ទាល់រឿងបញ្ហាដីធ្លីរបស់ពលរដ្ឋក្នុងស្រុកម៉ាឡៃ។ លោក អ៊ឹម ភាន់សុផល បានបញ្ជាក់ថា ប្រសិនបើការដោះស្រាយថ្នាក់ខេត្តនេះបានទទួលជោគជ័យ អាជ្ញាធរនឹងកាត់ដីផ្តល់ជូនប្រជាពលរដ្ឋភ្លាម។
ក្រោយពីពលរដ្ឋមកពីបណ្ដាខេត្តនានា តែងតែលើកគ្នាមកតវ៉ាបញ្ហាដីធ្លីនៅភ្នំពេញ ប្រមុខរដ្ឋាភិបាលបានដាក់បញ្ជាដោយផ្ទាល់ឲ្យអាជ្ញាធរខេត្តណាមានបញ្ហាដីធ្លីត្រូវដោះស្រាយខ្លួនឯងកុំឲ្យនាយករដ្ឋមន្ត្រីណែនាំ៕