ភ្នំពេញ៖ ក្រុមក្មេងស្ទាវពីរនាក់ ត្រូវបាន ក្រុមកម្មករ ដែលធ្វើការនៅ ឃ្លាំងស្ដុកឥដ្ឋការ៉ូ ខេធី ស្ថិតនៅតាម ផ្លូវបេតុង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនឱ្យ សមត្ថកិច្ចមូលដ្ឋាន ក្រោយពីពួកគេ ទាំងពីរនាក់ ក្នុងចំណោម បក្ខពួកទាំង៤នាក់ បាននាំគ្នាព្រួត វាយកម្មករទាំងនោះ កាលពី ល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ ។
នគរបាលប៉ុស្ដិ៍ចោមចៅ បាននិយាយថា ក្មេងទំនើង ទាំងពីរនាក់ ដែលត្រូវចាប់ខ្លួនពី បទហិង្សាដោយ ចេតនាខាងលើនេះ រួមមាន ទី១ឈ្មោះមឿង គា អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ លឹម ធឿង អាយុ២៣ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិថ្មគោល ។ ដោយឡែកជន រងគ្រោះឈ្មោះ ប៊ី វីសាក់ អាយុ២១ឆ្នាំ មុខ របរកម្មករ លីឥដ្ឋការ៉ូ ស្នាក់នៅក្នុងឃ្លាំង រងរបួសពកក្បាល និងកំភួនដៃខាងស្ដាំ ។
បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ក្រុមជនបង្កមានគ្នា បានគប់ដុំថ្ម ទៅក្នុងឃ្លាំង ខេធី បណ្ដាលឱ្យចំ ក្បាលជនរងគ្រោះ ពេល នោះជនរងគ្រោះ និងមិត្ដភក្ដិរួម ការងារបាន រត់ចេញពីឃ្លាំងដេញ វាយជនសង្ស័យរូបនេះ ប៉ុន្ដែត្រូវបានជន បង្កដេញវាយត្រឡប់មកវិញ ដោយកាន់ដាវនៅក្នុងដៃ បម្រុងចូលទៅ កាប់ប៉ុន្ដែត្រូវបាន ជនរងគ្រោះនាំគ្នាឡោម ព័ទ្ធនិងឃាត់ខ្លួន ប្រគល់ឱ្យ សមត្ថកិច្ចតែម្ដង។
បច្ចុប្បន្នជនសង្ស័យ ទាំងពីរនាក់ ត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌ ពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការចាត់ការ តាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល