ទិដ្ឋភាព​អ្វី​ខ្លះនឹង​កើត​មាន​លើ​ភាពយន្ត​ខ្មែរ​ពេល​​សមាហរណកម្ម​អាស៊ាន​ចូល​មក​ដល់?

យោង​តាម​កាល​បរិច្ឆេទ​ឆ្នាំ ២០១៥ ឃើញ​ថា​នៅ​សល់​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ សមាហរណកម្ម​អាស៊ាន ដែល​គេ​រំពឹង​ថា​ជា​ឱកាស​សម្រាប់​ផ្លាស់​ប្តូរ​គ្នា​នូវ​បទ​ពិសោធន៍​លើ​វិស័យ​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​សិល្បៈ​ដែរ​នឹង​ចូល​មក​ដល់។ ទិដ្ឋភាព​មួយ​ចំនួន​លើ​វិស័យ​នេះ បន្ទាប់​ពី​សមាហរណកម្ម​អាស៊ាន ត្រូវ​បាន​គេ​ប្រមើល​មើល​ឃើញ​មុន​រួច​ស្រេច​ទាំង​វិជ្ជមាន និង​អវិជ្ជមាន។

និយាយ​តែ​លើ​វិស័យ​ភាពយន្ត អ្នក​ស្រី ឌី សាវ៉េត យល់​ថា សមាហរណកម្ម​អាស៊ាន​នឹង​ជា​ឱកាស​របស់​កម្ពុជា។ អ្នក​ស្រី​ថ្លែង​ថា “មាន​ផលិតផល មាន​អ្នក​ផលិត​មក​ច្រើន ផលិតករ​ក្នុង​ស្រុក​យើង​នឹង​បាន​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ តាម​ខ្ញុំ​ដឹង ភាគី​ខាង​ថៃ​ជា​សមាជិក​មួយ​រូប គ្រោង​ផលិត​ភាពយន្ត​រួម​គ្នា​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទៀត។ ដូច្នេះ​នេះ​ជា​ឱកាស​យើង​ហើយ”។


ភាពយន្ត​ខ្មែរ​រឿង “កូន​ខ្ញុំ​ចម្លែក” និង​រឿង “កំណប់​បះសក់” ដែល​គ្រោង​នឹង​ដាក់​បញ្ចាំង​ឆាប់​ៗ

វិល​មក​លោក ទិត្យ ធារិទ្ធ អ្នក​និពន្ធ និង​ដឹក​នាំ​រឿង​ល្បី​ឈ្មោះ​មួយ​រូប ថ្លែង​ថា សមាហរណកម្ម​អាស៊ាន គឺ​ជា​កង្វល់​មួយ​ទៀត​នៃ​សិល្បៈ​ភាពយន្ត​របស់​កម្ពុជា​យើង បន្ទាប់​ពី​វត្តមាន​ភាពយន្ត​ថៃ។ លោក ថា កង្វះ​គុណភាព​ជា​ដើម​ហេតុ​នាំ​ឲ្យ​ភាពយន្ត​ខ្មែរ​ពិបាក​ជ្រៀត​ខ្លួន​ចេញ។

ការ​ហូរ​ចូល​ផលិតករ និង​ភាពយន្ត​បរទេស​ច្រើន រួម​ទាំង​ការ​មិន​សូវ​ឲ្យ​តម្លៃ​ចំពោះ​ផលិត​ខ្លួន​ឯង​ស្រាប់​ពី​ប្រិយមិត្ត នឹង​ធ្វើ​ឲ្យ​ភាពយន្ត​ក្នុង​ស្រុក​ធ្លាក់​ចុះ​ការ​ផលិត​ចៀស​មិន​រួច។ ទាំង​នេះ​គឺ​ជា​អ្វី​ដែល​យើង​ហ្នឹង​ជួប​ពេល​សមាហរណកម្ម​អាស៊ាន និង​ជា​អ្វី​ដែល​លោក​បារម្ភ។

ក្រៅ​ពី​នេះ កង្វះ​យន្តការ​ច្បាស់​លាស់​ឲ្យ​ផលិតករ​ក្នុង​ស្រុក​បាន​ចូល​ធ្វើ​ការ​ដក​ស្រង់​ជាមួយ​ផលិតករ​បរទេស​ដោយ​ផ្ទាល់ ក៏​ជា​អ្វី​ដែល​លោក​យល់​ថា សមាហរណកម្ម​អាស៊ាន​ខាង​មុខ នឹង​មិន​បាន​ហុច​ផល​ឲ្យ​ឧស្សាហកម្ម​ភាពយន្ត​ខ្មែរ​ដែរ។

លោក ទេព រិនដារ៉ូ ថ្លែង​ថា មាន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន យ៉ាង​ណា​លោក​មាន​ក្ដី​បារម្ភ​តិច​តួច​ប៉ុណ្ណោះ​ចំពោះ​ការ​មក​ដល់​នៃ​សមាហរណកម្ម​អាស៊ាន ព្រោះ​អ្វី​ៗ​បាន​កើត​មាន​រួច​ស្រាប់​ទៅ​ហើយ។ ក្ដី​បារម្ភ​ខ្លាំង​របស់​លោក គឺ​ការ​មក​ដល់​ជា​ថ្មី​នៃ​ភាពយន្ត​ថៃ ដែល​បច្ចុប្បន្ន​កំពុង​បង្ហាញ​មុខ​លើ​កញ្ចក់​ទូរទស្សន៍​នានា​នោះ​ទៅ​វិញ។

 រឿង “​ស្បែក​គង់” ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​
អនុវត្តន៍​នយោបាយ​ទីផ្សារ​សេរី គេ​ឃើញ​ផលិតផល​ភាពយន្ត​បរទេស​ដូច​ជា អាមេរិក ចិន កូរ៉េ និង​ថៃជា​ដើម ទាំង​ភាពយន្ត​ខ្នាត​ធំ និង​ភាពយន្ត​ភាគ បាន និង​កំពុង​ចរាចរណ៍​នៅ​កម្ពុជា ក្នុង​នោះ​បើ​តាម​លោក ស៊ិន ច័ន្ទ​សាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត គឺ​មាន​ដល់​តួលេខ​ដល់​ទៅ ៩០% ឯណោះ តួលេខ​នេះ គឺ​ច្រើន​ហួសហេតុ​រួច​ទៅ​ហើយ។ ដូច្នេះ​នឹង​មិន​មាន​អ្វី​ប្លែក​ប៉ុន្មាន​ឡើយ​នៅ​វេលា​ច្របាច់​បញ្ចូល​គ្នា​ក្លាយ​ជា​សហគមន៍​អាស៊ាន​តែ​មួយ។ ដោយ​ឡែក​ចំណុច​វិជ្ជមាន​ផ្សេង​ទៀត ក៏​សុទ្ធ​ជា​រឿង​ចាស់​ដែរ។

លោក​ថា បញ្ហា​ដែល​ត្រូវ​គិត​ គឺ​ត្រូវ​មធ្យោបាយដោះ​ស្រាយ​​ដោយ​របៀប​ណា​ប៉ុណ្ណោះ។លោក សាយ៉ា បាន​ស្នើ​ឲ្យ​បង្កើត​របាំង​មួយ​ចំនួន​លើ​ភាពយន្ត​បរទេស​នាំ​ចូល​កម្ពុជា ដែល​អាច​ជា​ជំនួយ​ដល់​ភាពយន្ត​ក្នុង​ស្រុក ក្នុង​នោះ​មាន​ដូច​ជា បង្កើន​ពន្ធ​ឲ្យ​ខ្ពស់​សម្រាប់​ភាពយន្ត​បរទេស និង​ការ​កំណត់​កូតា​ច្បាស់​លាស់​សម្រាប់​ភាពយន្ត​ក្នុង​ស្រុក​ដាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ជា​ដើម។

ក្រសួង​ព័ត៌មាន​ដែល​ធ្វើ​ការ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អះអាង​ថា មិន​ទាន់​ដល់​ពេល​កំណត់​កូតា​ភាពយន្ត​ក្នុង​ស្រុក​សម្រាប់​ដាក់​បញ្ចាំង​លើ​ទូរទស្សន៍​ទេ​នា​។ ឯកឧត្តម ខៀវ កាញ៉ារីទ ថ្លែង​ថា  “កាល​ឆ្នាំ ១៩៩៤-៩៥ យើង​ធ្លាប់​ដាក់​របាំង​ម្ដង ប៉ុន្តែ​យើង​ទៅ​អត់​រួច បរិមាណ​មិន​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន ឥឡូវ​ក៏​ដូច​គ្នា”។យ៉ាង​ណា ឯកឧត្តម​មិន​បាន​ព្យាករណ៍​ទេ​ថា ប៉ុន្មាន​ឆ្នាំ​ទៀត​នឹង​មាន​ការ​កំណត់។ ប៉ុន្តែ​ឯកឧត្តម​ស្នើ​ឲ្យ​ទស្សនិកជន គាំទ្រ​ភាពយន្ត​ក្នុង​ស្រុក​ជា​មុន​សិន។

ការ​មក​ដល់​នៃ​សមាហរណកម្ម​អាស៊ាន គឺ​ជា​រឿង​ចៀស​មិន​រួច កម្ពុជា​មិន​មែន​ជា​ប្រទេស​តែ​មួយ​ទេ​ដែល​ត្រូវ​គេ​វាយ​តម្លៃ​ថា យឺតយ៉ាវ​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​វេលា​នោះ គឺ​ឡាវ និង​ភូមា​ក៏​ដូច​គ្នា។ ឈរ​ក្នុង​ស្ថានភាព​នេះ ទាំង​កម្ពុជា ឡាវ និង​ភូមា មាន​តែ​ដើរ​ទៅ​បណ្ដើរ រៀន​បណ្ដើរ​ប៉ុណ្ណោះ។

ភាពយន្ត​ខ្មែរ​រឿង “គ្រាប់​ពេជ្រ” ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​យុវវ័យ

លោក​ជំទាវ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ ស្នើ​ឲ្យ​ផលិតករ​កុំ​មាន​ការ​ព្រួយ​បារម្ភ​ជ្រុល​ពេក។ ដោយ​ទទួល​ស្គាល់​លើ​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ខ្មែរ លោក ជំទាវ ថ្លែង​ថា “យើង​មិន​អាច​នៅ​អន់​តែ​ម្នាក់​ឯង​នោះ​ទេ ដូច្នេះ​ផលិតករ​ត្រូវ​យក​ឱកាស​នេះ ដើម្បី​កសាង​សមត្ថភាព​ខ្លួន​ឯង​ឲ្យ​បាន”។

វិល​មក​យន្តការ​មួយ​ចំនួន​ជំនួយ​ដល់​ការ​ងើប​ឡើង​នៃ​ឧស្សាហកម្ម​ភាពយន្ត​ខ្មែរ លោក ជំទាវ បញ្ជាក់​ថា ក៏​មិន​មែន​ជា​រឿង​ថ្មី​ដែរ។ លោក ជំទាវ មាន​ប្រសាសន៍​ថា ក្រសួង​ក៏​ធ្លាប់​បាន​សម្រប​សម្រួល​ឲ្យ​មាន​វគ្គ​បណ្ដុះ​បណ្ដាល​មួយ​ចំនួន ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ​ពី​បរទេស​ទៀត ប៉ុន្តែ​មួយ​ផ្នែក ក៏​មក​ពី​ចន្លោះ​ប្រហោង​របស់​ផលិតករ​ខ្លួន​ឯង​ដែរ។

លោក​ជំទាវ​ថ្លែង​ថា “យើង​មាន​វគ្គ​បណ្ដុះ​បណ្ដាល​ជា​ច្រើន ប៉ុន្តែ​យើង​អញ្ជើញ​គាត់​មក​ចូល​រួម គាត់​ថា​រវល់ អត់​មក​ចូល​រួម ជួន​វគ្គ​បណ្ដុះ​បណ្ដាល​គេ​ធ្វើ​៣​ថ្ងៃ គាត់​មក​តែ​១​ថ្ងៃ ក៏​លែង​មក​អីចឹង​ទៅ”។ ក្រៅ​ពី​នេះ ក្រសួង​ក៏​បាន​ជោគជ័យ​លើ​ការ​សម្រប​សម្រួល​ជាមួយ​ផលិតករ​បរទេស​ឲ្យ​ទទួល​យក​អ្នក​ជំនាញ​ខ្មែរ​ធ្វើ​ការ​ជាមួយ​ដែរ។

“ពី​មុន​ផលិត​ករ​បរទេស គេ​មក​ថត​ភាពយន្ត​នៅ​ស្រុក​យើង គឺ​គេ​មក​១​កំផ្លេ​តែ​ម្ដង ទាំង​ឧបករណ៍ អ្នក​ជំនាញ​របស់​គេ​ទាំង​អស់ ប៉ុន្តែ​ឥឡូវ​អត់​ទេ គឺ​គេ​មក​តែ​អ្នក​ដឹក​នាំ​រឿង និង​ជំនួយ​ការ​គេ​ម្នាក់​ពីរ​នាក់​អី​ទេ និយាយ​ទៅ​គេ​មិន​ចង់​មក​ច្រើន​ឡើយ ព្រោះ​ចំណាយ​ខ្ពស់​ណាស់ វា​លើក​លែង​តែ​ធនធាន​ក្នុង​ស្រុក​យើង​គ្មាន​ប៉ុណ្ណោះ”។

តាម​លោក ស៊ិន ច័ន្ធ​ឆាយ៉ា ក្នុង​ឆ្នាំ ២០១៤​នេះ មាន​ក្រុម​អ្នក​ផលិត​បរទេស ប្រមាណ​ជាង ៣០ ក្រុម​បាន​ចូល​មក​ថត​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា។ លោក​ថា ចំនួន​នេះ​នឹង​លោត​ឡើង​ទៀត​នៅ​បណ្ដា​ឆ្នាំ​ខាង​មុខ។ ដូច្នេះ លោក​ស្នើ​ឲ្យ​ផលិតករ​យើង​ចេះ​បង្កើត​ទំនាក់​ទំនង​ធ្វើ​ជា​ដៃគូ​ជាមួយ​ក្រុម​អ្នក​ផលិត​នៅ​បរទេស​នានា ជា​បច្ច័យ​បើក​ច្រក​មួយ​សម្រាប់​ផលិត​ភាពយន្ត​យើង​បាន​ចេញ​ទៅ​បរទេស​ដែរ។

ខ្វះ​អ្នក​បច្ចេកទេស ខ្វះ​សាលា​ជំនាញ ឧបករណ៍​មិន​សូវ​ទំនើប មិន​មាន​ទុន​ខ្ពស់​សម្រាប់​ចំណាយ​លើ​ការ​ផលិត ខ្វះ​ការ​ឲ្យ​តម្លៃ​ពី​ទស្សនិកជន​ក្នុង​ស្រុក​ជា​ដើម សុទ្ធ​ជា​ចំណុច​អវិជ្ជមាន​ដែល​ទាញ​ឧស្សាហ៍​កម្ម​ភាពយន្ត​ក្នុង​ស្រុក​ឲ្យ​ទៅ​មុខ​មិន​រួច។ លោក ជំទាវ ភឿង សកុណា ថ្លែង​ថា កិច្ច​ការ​នេះ​ជា​រឿង​ដ៏​ធំ ត្រូវ​ការ​ពេល​វេលា​វែង​ឆ្ងាយ​ដើម្បី​ជជែក​គ្នា និង​សិក្សា​ច្រើន​ទៀត៕

Copyright © 2014 Free Video | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top