ភ្នំពេញ: ថ្នាក់ដឹកនាំកំពូល គណបក្សសង្គ្រោះជាតិ បានចូលជួបពិភាក្សា និងសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា កាលពីម៉ោង ៣ រសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤ នៅភូមិគ្រឹះសម្តេច ជា ស៊ីម។
នេះគឺជាលើកទី១ ហើយដែលមេដឹកនាំកំពូល គណបក្សសង្គ្រោះជាតិ បានជួបជាមួយមេដឹកនាំកំពូល គណបក្សប្រជាជនកម្ពុជា ពីព្រោះចាប់តាំងពីលោក សម រង្ស៊ី ចេញប្រឡូកក្នុងឆាកនយោបាយ គឺមិនដែលបានជួបគ្នា ជាមួយសម្តេច ជាស៊ីម នោះទេ។
ការចូលជួបនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីសំណាក់អ្នកនយោបាយ ក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា។
បន្ទាប់ពីជួបជាមួយសម្តេច ជា ស៊ីម រួច លោក សម រង្ស៊ី បានធ្វើដំណើរចេញ ទៅប្រទេសបារាំង កាលពីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ បានប្រាប់គេហទំព័រ CEN នៅព្រឹកថ្ងៃទី៧ ខែតុលា នេះថា លោក សម រង្ស៊ី និងភរិយា បានចូលជួបសម្តែងការ គួរសម និងសួរសុខទុក្ខ ជាមួយសម្តេច ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ពីព្រោះតាំងពីគណបក្ស នយោបាយធំទាំងពីរ បានព្រមព្រៀងនយោបាយ ដើម្បីបញ្ចប់វិបត្តិនយោបាយ គឺលោក សម រង្ស៊ី មិនដែលបានសម្តែងការគួរសម ចំពោះសម្តេច ជា ស៊ីម នោះទេ។
លោកបានបន្តថា អ្វីដែលលោកសម រង្ស៊ី និងភរិយា ទៅជួបជាមួយសម្តេច ជា ស៊ីម គឺដើម្បីសម្តែងការគួរសម ចំពោះចាស់ទុំ ដែលជាឥស្សរជន នយោបាយធំមួយ នៅក្នុងប្រទេសកម្ពុជា ហើយនៅក្នុងជំនួបនោះ មិនមានការពិភាក្សា រឿងនយោបាយនោះទេ។
លោកអេង ឆៃអ៊ាង បានបញ្ជាក់ថា នៅក្នុងជំនួបនោះដែរ សម្តេច ជា ស៊ីម ក៏បានផ្តាំផ្ញើឲ្យ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មានកិច្ចការអ្វី ត្រូវជជែកពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយរួម ចៀសវាងអ្វីដែលប្រឈមមុខដាក់គ្នា ដើម្បីកិច្ចការផលប្រយោជន៍ ប្រទេសជាតិ និងប្រជាពលរដ្ឋ៕V/S
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងភរិយា បានជួបជាមួយសម្តេច ជា ស៊ីម