តើ​ការ​បើក​ប្រាក់បៀវត្ស​យឺតយ៉ាវ មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​កម្រិត​ណា​ចំពោះ​បុគ្គលិក​ក្រីក្រ​?

ការ​បើក​ប្រាក់​បៀវត្ស​យឺតយ៉ាវ​គឺជា​រឿង​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត សម្រាប់​បុគ្គលិក​ដែល​មាន​ជីវភាព​មធ្យម ឬ​ក្រីក្រ​ជាពិសេស​នោះ សម្រាប់​បុគ្គល​ណា​ដែល​រ៉ាប់រង​ជីវភាព​រស់នៅ​ដោយ​ខ្លួនឯង ឬ​មាន​បន្ទុកគ្រួសារ​ទាំងមូល​តែម្តង។
និយោជក​ខ្លះ​ពុំ​សូវ​ជា​យកចិត្តទុកដាក់​លើ​ចំណុច​នេះ​ប៉ុន្មាន​ទេ ព្រោះ​ពួកគាត់​គិតថា​យឺត០២ ទៅ ០៣ថ្ងៃ វា​គ្មាន​បញ្ហា​អ្វី​នោះ​ទេ។ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​គំនិត​របស់​អ្នក​ដែល​មាន​ប្រាក់​ចាយ​មិន​ខ្វះ​តែប៉ុណ្ណោះ។ ចំពោះ​អ្នក​ខ្វះខាត​វិញ​ពួកគាត់​រង់​ចាំ​ថ្ងៃ​បើក​លុយ​តាំងពី​ពាក់​កណ្ដាល​ខែ​មក​ម្ល៉េះ។ ចង់​ដឹង​កាន់​តែ​ច្បាស់​ចំពោះ​មតិ​ពិត​របស់​សាធារណជន កាសែត​យើងខ្ញុំ ក៏បាន​ចុះ​សម្ភាសន៍​ផ្ទាល់​ជាមួយ បុគ្គល​ដែល​រស់នៅ​ឯករាជ្យ​មិន​ពឹងពាក់​លើ​ឪពុក​ម្តាយ ក៏ដូចជា​បុគ្គល​ដែល​មាន​បន្ទុក​ចិញ្ចឹម​គ្រួសារ​ជា​ដើម​មាន​ដូចតទៅ ៖ ជួប​ជាមួយ​កូនច្បង​ម្នាក់ ដែល​មាន​ភារកិច្ច​ជួយ​សម្រាល​បន្ទុកគ្រួសារ កញ្ញា​ហួរ បាន​បញ្ចេញ​ពាក្យពិត​ថា​ “​ចំពោះ​មតិ​ខ្ញុំ​ផ្ទាល់ ការ​បើក​ប្រាក់ខែ​ទៀងទាត់​ពិតជា​មាន​សារៈសំខាន់​ហើយ​ចាំបាច់​ខ្លាំង​មែនទែន។ ព្រោះ​ខ្ញុំ​មាន​បន្ទុក​ជួយ​បង់ថ្លៃ​សាលារៀន​ឲ្យ​ប្អូនៗ​របស់ខ្ញុំ លើស​ពី​នេះ​ទៀត​ត្រូវ​ជូន​ប្រាក់​មួយចំនួន​ទៅ​ស្រុក ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ ធ្វើ​ម៉េច​បើ​កើត​មក​ជា​កូនច្បង ខ្ញុំ​ត្រូវ​ចេះ​ជួយ​ប្អូន​តូចៗ ដើម្បី​វា​មាន​អនាគត​នៅ​ថ្ងៃ​ខាងមុខ។ ខ្ញុំ​សូម​សំណូមពរ​ដល់​ម្ចាស់​ក្រុមហ៊ុន​នានា ឲ្យ​យកចិត្តទុកដាក់​បន្ថែម​នៅលើកត្តាមួយនេះផង”។​
សុធា មាន​ស្រុកកំណើត​នៅ​តាកែវ ដែល​ឡើង​មក​ជួល​ផ្ទះ​នៅ​ក្រុងភ្នំពេញ​តែម្នាក់ឯង ដើម្បី​ប្រកបការងារ​ចិញ្ចឹម​ក្រពះ បាន​បញ្ចេញមតិ​និង​យោបល់​លើ​បញ្ហា​នេះ​ថា “​ចំពោះ​គេ​ជា​កូន​អ្នក​មាន ដែល​មាន​ឳ​ពុក​ម្តាយចិញ្ចឹម យឺត០៣​ទៅ០៤​ថ្ងៃ វា​គ្មាន​បញ្ហា​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​វិញ ឲ្យ​តែ​ដើមខែ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​តេ​មក​រំលឹក​រហូត (​ព្រោះ​ខ្ញុំ​បង់​រំ​លោះ​ម៉ូតូ ដើម្បី​ជិះ​ទៅ​ប្រកបការងារ​)​។ មួយ​ខែៗពឹង​លើ​ប្រាក់ខែ​នឹង ហើយ​ណាមួយ​ត្រូវ​បង់​ធនាគារ ណាមួយ​ត្រូវ​បង់ថ្លៃ​ផ្ទះ​ជួល​នៅ​មាន​ចំណាយ​ផ្សេងៗ ជាច្រើន​ទៀត។ ឲ្យ​តែ​ប្រាក់ខែ​បើក​យឺត ខ្ញុំ​ដេក​មិនដែល​លក់​ទេ ពេលខ្លះ​អត់​លុយ​ចាក់​សាំង​ទៅ​ធ្វើ​ការ​ទៀត​ផង ដូច​ដឹង​ស្រាប់​ហើយ​សម័យ​ឥឡូវ គ្មាន​អ្នកណា​ទុកចិត្ត​អ្នកណា​ទេ ដូច្នេះ​ចង់​ខ្ចី​លុយ​គេ​ក៏​ពិបាក​ដែរ។ ចំណុច​ដែល​បើក​ប្រាក់ខែ​ទៀងទាត់​នេះ អាច​បញ្ជាក់​ពី​ការ​យកចិត្ត​របស់​ថៅកែ ចំពោះ​បុគ្គលិក​ផង​ដែរ“។
តាម​ការ​សង្កេត​មើល​មតិ​អ្នក​ទាំងពីរ​នាក់​ខាង​លើ​នេះ ការ​បើក​ប្រាក់ខែ​យឺតយ៉ាវ​ពិត​ជា​មាន​ផល​ប៉ះពាល់​ខ្លាំង​មែនទែន​ដល់​ជន​ដែល​ពឹងពាក់​លើ​ខ្លួនឯង និង​មាន​បន្ទុកគ្រួសារ​ជាប់​ខ្លួន។ វា​ជា​រឿង​ល្អ​ប្រសើរ​ណាស់ ប្រសិនបើ​អ្នក​ព្យាយាម​ស្វែងរក​ប្រភព​ប្រាក់កម្រៃ​លើស​ពី​មួយ​កន្លែង ព្រោះ​វា​អាច​ជួយ​បន្ធូរ​ការ​ព្រួយបារម្ភ​លើ​បញ្ហា​នេះ​បាន​ច្រើន៕
​                                                                                       ដានី​
Pisey-07-10-14-full-S-
Copyright © 2014 Free Video | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top